Friday, February 27, 2015

លក់​ខ្លួន​តាំង​ពី​អាយុ​១៦​ឆ្នាំ​ ឥឡូវ​៧៥ហើយ​ ​តែ​បាន​ពាន​រង្វាន់​ល្បី​ដោយសារ​ការងារ​មនុស្ស​ភាគ​ច្រើន​មិន​អាច​ធ្វើ​បាន​

សឹង ​មិន​លើក​លែង​ថ្ងៃ​ណា​ឡើយ​ គេ​តែង​សង្កេត​ឃើញ​ស្ត្រី​សម្បុរ​ស្រអែម​ រាង​ស្ដើង​ខ្ពស់​ មាន​សក់​ស​ ដែល​គេ​ស្គាល់​ជា​ទូទៅ​នៅ​ម្ដុំ​នោះ​ថា​ ស៊ូ​ សុធាវី​ តែង​មាន​វត្តមាន​នៅ​វត្តភ្នំ​ តាម​មាត់​ទន្លេ​ តាម​សួន​ បើ​មិន​អីចឹង​ទេ​ គឺ​​នៅ​មុខ​វត្ត​បុទុម​ ក្នុង​រាជ​ធានី​ភ្នំពេញ។ បើ​មក​អង្គុយ​នៅ​កន្លែង​ទាក់​ទាញ​ទាំង​នេះ​នៅ​ប្រហែល​ជា​១០​ ឬ​១៥​ឆ្នាំ​មុន​ ច្បាស់​ណាស់​ សុធាវី​ ដែល​បុរស​ពិត​នឹង​ស្រងាក​ចិត្ត​ហ៊ាន ​តែ​លួច​ស្រលាញ់​ ប្រាកដ​ជា​ក្នុង​គោល​បំណង​មួយ​ គឺ​រង់ចាំ​ភ្ញៀវ​ដើម្បី​លក់​ខ្លួន​ ប៉ុន្តែ​ពេល​នេះ​មិន​មែន​ទេ​ គឺ​គាត់​មក​ដើម្បី​ឃ្លាំ​មើល​ក្រែង​លោ​មាន​ការ​រំលោភ​សិទ្ធិ​ដល់​ភេទ​ទី​បី។ តាម​រយៈ​ការងារ​នេះ​ ធ្វើ​ឲ្យ​ សុធាវី​បាន​ទទួល​ពាន​រង្វាន់​អន្តរជាតិ​មួយ​ពី​ប្រទេស​អាល្លឺម៉ង់ ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។

សុធាវី ​ អាយុ​៧៥​ឆ្នាំ​ បច្ចុប្បន្ន​ជា​ប្រធាន​ “អង្គការ​បុរស​ស្រ្ដី​​អភិវឌ្ឍន៍​កម្ពុជា”​ មាន​ប្រវត្តិ​រស់​នៅ​ក្នុង​​គ្រួសារ​មួយ​​មាន​ជីវភាព​គ្រាន់​បើ​ ក្នុង​ខេត្ត​តាកែវ។ គាត់​មាន​បង​ប្អូន​រហូត​ដល់​១៦​នាក់​ឯណោះ​ និង​មាន​ឪពុក ​និង​ម្ដាយ​ជា​គ្រូ​បង្រៀន​ទាំង​ពីរ​នាក់។ ក្រោយ​មក​ ឪពុក​របស់​គាត់​បាន​ក្លាយ​ជា​មន្រ្តី​ផ្នែក​​មេ​ព្រៃ។

Sopheavy002

បណ្ដេញ​ចេញ​ពី​គ្រួសារ​ដោយសារ​ខ្មាស​គេ

ឪពុក​ម្ដាយ​របស់​ សុធាវី​មិន​ពេញ​ចិត្ត​នឹង​សុធាវី​ឡើយ​។ ពួក​គាត់​ចង់​ឲ្យ​ សុធាវី​មាន​អាកប្បកិរិយា​រឹងប៉ឹង​ ជា​ក្មេង​ប្រុស​មួយ​រយ​ភាគ​រយ។ ដោយសារ​មិន​អាច​ទាញ​សុធាវី​មក​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន​ ពេល​ខ្លះ​គាត់​ក៏​ជេរ​ស្ដី​ និង​ជួន​កាល​ឈាន​ដល់​វាយ​ដំ​ក៏​មាន។ ដោយសារ​ធ្វើ​យ៉ាង​ម៉េច​ក៏​មិន​អាច​កែ​ប្រែ​ចរិត​របស់​កូន​ខ្លួន​បាន​ ពួក​គេ​ក៏​សម្រេច​បណ្ដេញ​សុធាវី​ចេញ​ពី​ផ្ទះ​តែ​ម្ដង។

សុធារី​រំឭក​ រឿង​អតីតកាល​របស់​ខ្លួន​ថា៖ “ខ្ញុំ​មិន​មែន​ចង់​ធ្វើ​អីចឹង​ទេ​ តែ​នេះ​គឺ​ធម្មជាតិ​បញ្ជា​ឲ្យ​ធ្វើ​អីចឹង។ ខ្ញុំ​ផ្ទាល់​មិន​ដឹង​ថា​ខ្លួន​ជា​ភេទ​ទី​បី​ ផង​ រហូត​ដល់​ខ្ញុំ​ស្រលាញ់​តែ​សំលៀក​បំពាក់​ស្រី​ ចូល​ចិត្ត​បុរស​ ទើប​ខ្ញុំ​ចាប់​ផ្ដើម​ដឹង​ខ្លួន​ឯង​​ថា ​ខ្លួន​មាន​អារម្មណ៍​តែ​លើ​បុរស​គ្នា​ឯង។ នៅ​សម័យ​នោះ​ក៏​មាន​ភេទ​ទី​បី​ច្រើន​ណាស់​ដែរ​ ប៉ុន្តែ​ដោយសារ​វា​គ្មាន​អង្គការ​សង្គម​ស៊ីវិល​អី​ទៅ​ប្រមូល​ផ្ដុំ​ពួក​ទាំង ​នោះ​ ខុស​ពី​សម័យ​នេះ​ មក​អប់រំ​ខាង​សុខភាព​បន្ត​ពូជ​ ទើប​យើង​មិន​សូវ​ដឹង”។

ស្ថិត​ក្នុង​វ័យ​ត្រឹម​១៤​ឆ្នាំ​នៅ​ឡើយ​ សុធារី​មិន​ដឹង​ទៅ​ទី​ណា​ ក្រៅ​ពី​ធ្វើ​ដំណើរ​មក​ភ្នំពេញ​ ដោយ​រំពឹង​ថា​អាច​នឹង​រក​បាន​ការងារ​ធ្វើ​​នៅ​​ទី​ប្រជុំ​ជន​ដ៏​ធំ​នេះ​ ហើយ​ក៏​បាន​មក​ដេក​ដួល​ក្បែរ​របង​វត្ត​លង្កា។ ពេល​នោះ​គេ​​ត្រូវ​បាន​​ដូន​ជី​មួយ​រូប​រើស​យក​ទៅ​ចិញ្ចឹម​ទុក​ដូច​ជា​កូន។

កំព្រា​ទេ​ តែ​អាច​ចូល​រៀន​រហូត​ដល់​សាលា​ល្បី

ថ្វីត្បិត​តែ​កំព្រា​ក្ដី​ សុធាវី​មាន​ឱកាស​បាន​ចូល​សាលា​រៀន​ ប៉ុន្តែ​ក្រោយ​ពី​ចេញ​ពី​សាលា​ គេ​ត្រូវ​ដើរ​លក់​ម្ជូរ​ ផ្លែ​ឈើ​ និង​នំនែក​ផ្សេង​ៗ។ ដោយសារ​ត្រូវ​ការ​ថវិកា​​បន្ថែម​សម្រាប់​ការ​សិក្សា​ សុធាវី​បែក​គំនិត​ បាន​ចាប់​ផ្ដើម​លក់​ខ្លួន​ទៅ​ឲ្យ​បុរស​ៗ​ ដែល​ស្រលាញ់​ភេទ​ដូច​គ្នា​ តាំង​ពី​ខ្លួន​មាន​អាយុ​១៦​ឆ្នាំ​ម្ល៉េះ។

សុធាវី ​រៀប​រាប់​បន្ថែម​ទៀត​ថា៖ “នៅ​សម័យ​នោះ​ មាន​បុរស​ចង់​រួម​ភេទ​ជាមួយ​​បុរស​ដូច​សម័យ​នេះ​អីចឹង។ នៅ​ចន្លោះ​ឆ្នាំ​១៩៧០​ ដល់​១៩៧៥​ ពេញ ​មាន​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ហើយ​ ប៉ុន្តែ​យើង​មិន​សូវ​ដឹង​ពី​រឿង​គេ​ ដោយសារ​តែ​គ្មាន​ការ​ប្រមូល​ផ្ដុំ​ភេទ​ទី​បី​បែប​នេះ​ទេ។ ដល់​ឥលូវ​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា​បាន​ យើង​ដឹង​ពី​រឿង​គេ​ ហើយ​គេ​ក៏​ដឹង​រឿង​យើង”។

នៅ​ឆ្នាំ​១៩៦២​ សុធាវី​បាន​ប្រឡង់​ជាប់​បាក់​ឌុប​ រួច​ក៏​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ទៀត។ នៅ​ឆ្នាំ​១៩៧៤​ គេ​បាន​ក្លាយ​ជា​អ្នក​ចម្រៀង​តាម​ភោជនីយដ្ឋាន​ ក្នុង​រាជ​ធានី​ភ្នំពេញ។

ដល់​សម័យ​ខ្មែរ​ក្រហម​ទៅ​ហើយ​ ឆ្លៀត​លក់​ខ្លួន​ទៀត​

សុធាវី​ជ្រើស​រើស​ទៅ​ខេត្ត​តាកែវ​ ដែល​ជា​ស្រុក​កំណើត​របស់​ខ្លួន​វិញ​ ពេល​ខ្មែរ​ក្រហម​ជម្លៀស​ប្រជាជន​ចេញ​ពី​ក្រុង​ភ្នំពេញ។ ដោយ​ដឹង​ខ្លួន​ថា​ទាហាន​ខ្មែរ​ក្រហម​នឹង​មិន​លើក​លែង​ចំពោះ​មនុស្ស​មាន​ អាកប្បកិរិយា​ប្រុស​មិន​ប្រុស​ ស្រី​មិន​ស្រី​ សុធាវី​បាន​កាត់​សក់​ខ្លី​ ហើយ​ព្យាយាម​លាក់​អត្តចរិត​របស់​ខ្លួន​តាម​តែ​អាច​ធ្វើ​បាន។

Sopheavy

ទម្ងន់​ ការងារ​ក្នុង​របប​នោះ​បាន​ធ្វើ​ឲ្យ​សុធាវី​ធ្លាក់​ខ្លួន​ឈឺ ​និង​ចុះ​ស្គម​រីងរៃ។ ពេក​នោះ​គេ​ក៏​នឹង​ឃើញ​ល្បិច​មួយ​ គឺ​ចាប់​ផ្ដើម​លក់​ខ្លួន​ដូរ​បាយ​ឲ្យ​ទៅ​ប្រធាន​កង​ឈ្លប់។ ក្រោយ​មក​ទៀត​ ក៏​បន្ត​រួម​ភេទ​ជាមួយ​នឹង​កង​ឈ្លប​ឯ​ទៀត​ ប៉ុន្តែ​ត្រូវ​បាន​គេ​ចាប់​បាន​ រួច​បញ្ជូន​​មក​ដាក់​គុក។ ​មិន​បាន​ប៉ុន្មាន​ផង​ ពេល​ប្រធាន​គុក​អនុញ្ញាត​ឲ្យ​សុធាវី​ធ្វើ​សរសៃ​ម៉ាស្សា​ឲ្យ​ គេ​ក៏​ឆ្លៀត​ជួយ​សម្រេច​ចំណង់​ដល់​មេគុក​នោះ​ទៀត។ ក្រៅ​ពី​នេះ​ សុធាវី​បាន​បន្ត​លួច​រួម​ភេទ​ជាមួយ​នឹង​បុរស​ម្នាក់​ដែល​បាន​ជួយ​ណែនាំ​ ខ្លួន​ពី​របៀប​ធ្វើ​ការ​វាយ​ថ្ម​ឲ្យ​ទាន់​ផែន​ការ​កំណត់​របស់​ខ្មែរ​ក្រហម។ ប៉ុន្តែ​ពេល​របប​ខ្មែរ​ក្រហម​ស្ទើរ​តែ​ដួល​រលំ​ទៅ​ហើយ​ សុធាវី​ក៏​ត្រូវ​កង​ឈ្លប​រហូត​ដល់​ទៅ​១០​នាក់​​ចាប់​រំលោភ។

មក​ប្រចាំ​ការ​កន្លែង​ភេទ​ទី​បី​និយម​បង្ហាញ​ខ្លួន


បច្ចុប្បន្ន​នេះ​ សុធាវី​បាន​ក្លាយ​ជា​ធាន​អង្គការ​បុរស​ស្រី​អភិវឌ្ឍន៍​កម្ពុជា​ ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​សិទ្ធិ​របស់​ភេទ​ទី​បី​ ឬ​សិទ្ធិ​របស់​ LGBT​ (Lesbian, Gay, Bisexual, and Transgender)។ ប្រធាន​អង្គការ​រូប​នេះ​ត្រូវ​បាន​គេ​ចាត់​ចូល​ក្នុង​ភេទ​បី​​ក្រុម “​ស្រី​ស្រស់​” សំដៅ​លើ​មាន​សក់​វែង​ និង​និយម​តែង​ខ្លួន​បែប​ស្រី។

ការ ​ងារ​របស់​គាត់​គឺ​ចល័ត​ចុះ​ឡើង​នៅ​វត្តភ្នំ​ មាត់​ទន្លេ​ មុខ​វត្ត​បុទុម​ ឬ​តាម​សួន​ច្បារ​នានា​ ដើម្បី​ឃ្លាំ​មើល​ក្រែង​ មាន​ការ​រំលោភ​បំពាន​ទៅ​លើ​ក្រុម​LGBT​​ របស់​ខ្លួន។ នៅ​ពេល​ថ្ងៃ​ ក្រុម​គោលដៅ​របស់​គាត់​​ដើរ​លេង​នៅ​តំបន់​ទាំង​នេះ​ក្នុង​គោលបំណង​លំហែ​កាយ​ ធម្មតា​ទេ​ ប៉ុន្តែ​ក្រោយ​ពី​ម៉ោង​៤​ សុធាវី​ថា​ អ្នក​ខ្លះ​អាច​នឹង​មក​ប្រកប​មុខ​របរ​រក​ស៊ី​ផ្លូវ​ភេទ។ ក្រៅ​ពី​រាជ​ធានី​ភ្នំពេញ​ គាត់​មាន​សមាជិក​នៅ​តាម​ខេត្ត​ផ្សេង​ទៀត​រហូត​ដល់​៣០០០​នាក់​ឯណោះ។

សុធាវី ​បញ្ជាក់​បន្ថែម​ថា៖ “ខ្ញុំ​តាម​ដាន​ខ្លាច​មាន​ការ​រំលោភ​ផ្លូវ​ភេទ​ ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​ក្រុម​ LGBT​ របស់​យើង។ ខ្ញុំ​ធ្វើ​ការ​សហការ​ជាមួយ​នឹង​អាជ្ញាធរ​ដែន​ដី​ ដើម្បី​ការងារ​ក្រុម​គោល​ដៅ​របស់​ខ្ញុំ។ បើ​មាន​បញ្ហា​អ្វី​កើត​ឡើង​ ខ្ញុំ​នឹង​ស្វែង​រក​មេធាវី​ដើម្បី​ការពារ​សិទ្ធិ​ភេទ​ទី​បី​ហ្នឹង​ ដូច​ប្រជាជន​ធម្មតា​ដែរ”។

ទទួល​បាន​ពាន​រង្វាន់​ពិភព​លោក​ ដោយសារ​ការ​តស៊ូ

តាម​រយៈ​ការ​ខិត​ខំ​ប្រឹង​ប្រែង​នេះ​ នៅ​ថ្ងៃ​មួយ​ សុធាវី​ត្រូវ​បាន​គេ​ជូន​ដំណឹង​ថា​ ខ្លួន​បាន​ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ “The David Kato Vision & Voice Award”​ កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៤​នេះ។ សុធាវី​ត្រូវ​ធ្វើ​ដំណើរ​ទៅ​យក​ពាន​​រង្វាន់​នោះ​ ជាមួយ​​នឹង​ទឹក​ប្រាក់​១០​,០០០​ដុល្លារ​ នៅ​ទី​ក្រុង​ប៊ែរឡាំង​ ប្រទេស​អាល្លឺម៉ង់។

សកម្មជន​ការ​ពារ​សិទ្ធិ​ភេទ​ទី​បី​រូប​នេះ​ ថ្លែង​ ពី​អារម្មណ៍​នា​ពេល​នោះ​ថា៖ “ពេល​ឡើង​ទទួល​ពាន​រង្វាន់​ហ្នឹង​ គេ​បាន​បញ្ចាំង​វីដេអូ​ឲ្យ​យើង​មើល។ ខ្ញុំ​ភ្ញាក់​ផ្អើល​មែន​ទែន​ ដោយសារ​ឃើញ​រូប​របស់​ខ្ញុំ​ធ្វើ​សកម្មភាព​ទាំង​នៅ​ក្នុង​រាជ​ធានី​ ទាំង​នៅ​តាម​ខេត្ត​នានា​ បង្ហាញ​ដល់​អន្តរជាតិ​បាន​ស្គាល់។ ខ្ញុំ​អត់​ដឹង​គេ​លួច​ថត​ខ្ញុំ​ពី​អង្កាល់​ទេ”។

ក្រៅ​ពី​ធ្វើ​ដំណើរ​ ទៅ​ប្រទេស​អាល្លឺម៉ង់​ សុធាវី​ក៏​មាន​ឱកាស​បាន​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ផ្សេង​ៗ​ មិន​ចិត​ជាង​៣០​ទេ​ ដើម្បី​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​ការងារ​ជាមួយ​នឹង​សកម្ម​ជន​ការពារ​សិទ្ធិ​ ភេទ​ទី​បី​នៅ​ទូទាំង​ពិភព​លោក។

គោល​បំណង​ចង់​ធ្វើ​ការ​ជាមួយ​នឹង​កុមារ​​រស់​នៅ​ជាមួយ​វីរុស​ហ៊ីវ​

សុធាវី​ បាន​សម្រេច​យក​ថវិកា​ដែល​ទទួល​បាន​មក​ប្រើប្រាស់​ក្នុង​សកម្មភាព​ការងារ​ របស់​ខ្លួន​ ជៀស​ជាង​ប្រើ​ក្នុង​តម្រូវ​ការ​ផ្ទាល់​ខ្លួន។ គាត់​បាន​ពង្រីក​ការងារ​បន្ថែម​ ដូច​ជា​ទៅ​ជួប​ឪពុក​ម្ដាយ​ដែល​មាន​កូន​ជា​ភេទ​ទី​បី​ ពន្យល់​ណែនាំ​ពួក​គាត់​ឲ្យ​ទទួល​ស្គាល់​ថា​ អត្តចរិត​កូន​របស់​ពួក​គាត់​គឺ​មក​ពី​ធម្មជាតិ​ មិន​មែន​ជា​ការ​ធ្វើ​ ឬ​សម្ដែង​ឡើង​នោះ​ទេ​ ដូច្នេះ​កុំ​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​ភេទ​ទី​បី។

ក្រៅ​ពី​ នេះ​ សុធាវី​ចង់​ធ្វើ​ការ​ជាមួយ​នឹង​កុមារ​ដែល​រស់​នៅ​ជាមួយ​មេរោគ​ហ្វីវ​ដែរ។ គាត់​ចង់​ចូលរួម​បណ្ដុះ​បណ្ដាល​ផ្លូវ​ចិត្ត​ដល់​កុមារ​ទាំង​នោះ​ឲ្យ​បាន​យល់ ​ដឹង​ កុំ​ឲ្យ​ពួក​គេ​ធំ​ឡើង​បន្ត​ទៅ​ចម្លង​រោគ​​ដល់​អ្នក​ដទៃ។

“កាល​ នៅ​ពី​​តូច​ គេ​ចេះ​ឲ្យ​ថ្នាំ​គ្នា​លេប​ ដោយ​លួង​ថា​ជា​ថ្នាំ​នេះ​ថ្នាំ​នោះ​ ប៉ុន្តែ​មិន​បាន​ប្រាប់​ថា ​ជា​ថ្នាំ​ពន្យារ​មេរោគ​អេដស៍​នោះ​ទេ។ ដល់​ពេល​ក្មេង​ទាំង​នោះ​ធំ​ឡើង​ វា​ដឹង​ វា​នឹង​អស់​សង្ឃឹម​ តូច​ចិត្ត។ ដល់​ពេល​នោះ​វា​អាច​នឹង​បន្ត​ចម្លង​ទៅ​កាន់​អ្នក​ផ្សេង​ក៏​អាច​ថា​បាន​ដែរ​ បើ​យើង​មិន​បាន​ពន្យល់​ណែនាំ​គ្នា​ឲ្យ​បាន​គ្រប់​គ្រាន់​ទេ។ បើ​ពួក​គេ​ចេញ​មក​ចម្លង​ គឺ​អាច​ខ្លាំង​ក្លា​ ដោយសារ​គេ​ក្មេង​ និង​ស្អាត​ៗ​ ងាយ​នឹង​ធ្វើ​ឲ្យ​ដៃ​គូ​មិន​ប្រើ​ស្រោម​បាន។ ខ្ញុំ​ខ្លាច​រលក​ទី​ពីរ​នេះ។​ បើ​វា​កើត​ឡើង​ គឺ​វា​ខ្លាំង​ក្លា​​ណាស់”។

តែ ​ទោះ​បី​យ៉ាង​ណា​ គោល​បំណង​ធំ​របស់​សុធាវី​ ទាក់​ទង​​នឹង​ការងារ​​សង្គម​របស់​ខ្លួន​ គឺ​ចង់​ឃើញ​​ភេទ​ទី​បី​អាច​មាន​សិទ្ធិ​រៀប​ការ​ជាមួយ​ភេទ​ដូច​គ្នា​បាន៕

No comments:

Post a Comment